ថ្នាក់ដឹកនាំស្ថានទូតចិនប្រចាំកម្ពុជា បំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

0
2612
កិច្ចពិភាក្សារវាង ថ្នាក់ដឹកនាំវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និង ថ្នាក់ដឹកនាំស្ថានទូតចិនប្រចាំកម្ពុជា

           នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក Wang Dexin ប្រធានការិយាល័យនយោបាយ លោក Zhong Jifa លេខាទី១ និងលោក Xu Min លេខាទី២ តំណាងស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

            លោក តាំង ម៉េងឆុង នាយកភាគីកម្ពុជា បានថ្លែងអំណរគុណដល់ស្ថានទូតចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបានលើកឡើងថា ការបំពេញទស្សនកិច្ច និងការចុះសួរសុខទុក្ខលើកនេះ គឺជាកម្លាំងចលករមួយនឹងអាចជំរុញលើកទឹកចិត្តបន្ថែមដល់គ្រូបង្រៀនជនជាតិចិនក្នុងការបំពេញការងារបង្រៀនភាសាចិន។

នាយិកាស្តីទីភាគីចិន ទទួល “កញ្ចប់អនុស្សាវរីយ៍ចូលឆ្នាំចិន” ពីប្រធានការិយាល័យនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា

            លោក Wang Dexin បានមានប្រសាសន៍ថា យើងតែងតែយកចិត្តទុកដាក់ពីសុវត្ថិភាព សុខមាលភាពរបស់លោកគ្រូ អ្នកគ្រូទាំងអស់។ លោកបានបន្តថា លោកគ្រូ អ្នកគ្រូ គឺជាសក្ខីជននៃចំណងមិត្តភាពកម្ពុជា-ចិន ដែលនៅក្នុងបរិបទកូវីដ-១៩នេះ លោកគ្រូ អ្នកគ្រូនៅតែអាចបន្តកាតព្វកិច្ចរបស់ខ្លួនជាប់ជានិច្ច។ សង្ឃឹមថា ទាំងអស់គ្នានៅតែអាចបន្តអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ និងយកចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់ខ្លួន ដែលបទពិសោធន៍ទាំងនេះ នឹងក្លាយជាទ្រព្យដែលមិនអាចកាត់ថ្លៃបាន។

            ជាចុងក្រោយ លោក Wang Dexin បានជូនពរដល់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងចែក “កញ្ចប់អនុស្សាវរីយ៍ចូលឆ្នាំចិន” ដល់គ្រូបង្រៀនជនជាតិចិន។ លោកស្រី Wu Tao នាយិកាស្តីទីភាគីចិន បានតំណាងឱ្យគ្រូបង្រៀនជនជាតិចិនទាំងអស់ បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការយកចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់ខ្លួន។

នាយកភាគីកម្ពុជា ទទួល “កញ្ចប់អនុស្សាវរីយ៍ចូលឆ្នាំចិន” ពីប្រធានការិយាល័យនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា
ការថតរូបជុំគ្នា ទុកជាអនុស្សាវរីយ៍

CIRAC | ស៊្រុន ហុកវៃ