នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្មវិធីបើកបោះជំរំនិទាឃរដូវ “ស្ពានភាសាចិន” តាមប្រព័ន្ធអនឡាញ នៃសាកលវិទ្យាល័យជីវជាំង បានប្រព្រឹត្តឡើងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពី សាស្ត្រាចារ្យរង យ៉ាង យ៉ាវហ្វាង សាកលវិទ្យាធិការរងសាកលវិទ្យាល័យជីវជាំង សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នាយកវិទ្យាល័យកូវិនLashioនៃប្រទេសមីយ៉ាន់ម៉ា ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត សរុបទាំងអស់ជាង២០០នាក់។

កម្មវិធីបោះជំរំនិទាឃរដូវ “ស្ពានភាសាចិន” តាមប្រព័ន្ធអនឡាញ នៃសាកលវិទ្យាល័យជីវជាំង គាំទ្ររៀបចំដោយ មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរ ភាសាចិន-បរទេស រៀបចំដោយ សាកលវិទ្យាល័យជីវជាំង និងសហការរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-ថ្ងៃទី២៩ ដែលខ្លឹមសារនៃកម្មវិធី រួមមាន៖ ភាសា ប្រពៃណីទំនៀមទម្លាប់ចិន វប្បធម៌តែ របាំប្រជាប្រិយ ក្បាច់គុនកុងហ៊្វូ ប្រទេសចិនបច្ចុប្បន្ន។ល។ ដោយមានការចូលរួមសិក្សាស្វែងយល់ពីសិស្ស-និស្សិត របស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាល័យកូវិនLashioនៃប្រទេសមីយ៉ាន់ម៉ា ប្រមាណជាង ១០០នាក់។

កម្មវិធីនេះ នឹងបានរួមចំណែកក្នុងការបណ្តុះបណ្តាលសិស្ស-និស្សិតរបស់វិទ្យាស្ថាន និងវិទ្យាល័យកូវិនLashioនៃប្រទេសមីយ៉ាន់ម៉ា ក៏ជាវេទិកាមួយសម្រាប់ឱ្យសិស្ស-និស្សិត មានឱកាសធ្វើការផ្លាស់ប្តូរគ្នា សិក្សា រៀនសូត្រពីគ្នាទៅវិញទៅមក និងជួយជំរុញការស្វែងយល់គ្នា រឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងបី កម្ពុជា ចិន និងមីយ៉ាន់ម៉ា។

