វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំកម្មវិធីវប្បធម៌ស្តីពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ តាមប្រព័ន្ធអនឡាញ

0
780

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំកម្មវិធីវប្បធម៌ស្តីពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដោយប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពី លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា លោក តាំង ម៉េងឆុង នាយកភាគីកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រី WU TAO នាយិកាស្តីទីភាគីចិនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូជនជាតិចិន និងបុគ្គលិកភាគីកម្ពុជារបស់វិទ្យាស្ថាន។

ថ្នាក់ដឹកនាំ វាគ្មិន និងលោកគ្រូ អ្នកគ្រូជនជាតិចិនថតរូបជុំគ្នា

ដើម្បីរួមចំណែកក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាបង្កើនឱ្យមានការស្វែងយល់វប្បធម៌ និងជំរុញការស្វែងយល់គ្នានៃប្រទេសយើងទាំងពីរកម្ពុជា-ចិន ជារៀងរាល់ឆ្នាំ វិទ្យាស្ថានមិនត្រឹមតែមានការរៀបចំកម្មវិធីចូលឆ្នាំថ្មីប្រពៃណីចិនប៉ុណ្ណោះទេ ជាក់ស្តែងក៏មានការរៀបចំកម្មវិធីចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះផងដែរ។

លោកស្រីបណ្ឌិត ជា​ វណ្ណី កំពុងធ្វើបទបង្ហាញ

ក្នុងគោលបំណងដើម្បីឱ្យលោកគ្រូ អ្នកគ្រូជនជាតិចិនទាំងអស់ បានស្វែងយល់បន្ថែមពីវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែរ វិទ្យាស្ថានបានអញ្ជើញលោកស្រីបណ្ឌិត ជា វណ្ណី មកធ្វើជាវាគ្មិនក្នុងការធ្វើបទបង្ហាញស្តីពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

លោកស្រីបណ្ឌិត ជា​ វណ្ណី កំពុងធ្វើបទបង្ហាញ

ស្របពេលជាមួយគ្នានេះផងដែរ វិទ្យាស្ថានក៏បានរៀបចំគ្រូឯកទេសជនជាតិចិន ដែលបានមកបំពេញបេសកកម្មការងារជាគ្រូបង្រៀនភាសាចិននៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ មកធ្វើការចែករំលែកពីអារម្មណ៍របស់ខ្លួនគាត់ផ្ទាល់ក្នុងការចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ និងការលេងល្បែងកម្សាន្តផ្សេងៗ នារដូវចូលឆ្នាំនៅប្រទេសកម្ពុជា ជូនគ្រូបង្រៀនជនជាតិចិនដទៃទៀត។

គ្រូឯកទេសជនជាតិចិន ធ្វើការចែករំលែក

ជាចុងក្រោយ លោកស្រី WU TAO នាយិកាស្តីទីភាគីចិន បានថ្លែងអំណរគុណវាគ្មិនដែលបានផ្តល់កិត្តិយសក្នុងការចូលរួមចែករំលែកពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងអរគុណលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់កម្មវិធីនេះឡើង។ លោកស្រីសង្ឃឹមថា លោកគ្រូ អ្នកគ្រូដែលកំពុងបំពេញបេសកកម្មការងារបង្រៀននៅកម្ពុជា នឹងធ្វើការសិក្សាបន្ថែមពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសកម្ពុជា និងសង្ឃឹមថាលោកគ្រូ អ្នកគ្រូ នឹងក្លាយជាប្រេសិតនៃមិត្តភាពកម្ពុជា-ចិន។