វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី “បញ្ហា និងឱកាសក្នុងការបង្រៀនភាសាចិន ក្រោមបរិបទនៃជំងឺឆ្លងកូវីដ ១៩” តាមប្រព័ន្ធអនឡាញ

0
448

នាថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ សហនាយកវិទ្យាស្ថាន និងគ្រូបង្រៀនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា តបតាមការអញ្ជើញរបស់​វិទ្យាស្ថាន​ខុងជឺនៃសាកលវិទ្យាល័យ SEGi ប្រទេសម៉ាឡេស៊ី បានចូលរួម​សិក្ខាសាលាស្តីពី “បញ្ហា និងឱកាស​ក្នុង​ការបង្រៀនភាសាចិន ក្រោមបរិបទនៃជំងឺឆ្លងកូវីដ ១៩” តាមប្រព័ន្ធ​អនឡាញ ដែលមានការអញ្ជើញចូលរួមពី​វាគ្មិនជំនាញៗទាំងក្នុង និងក្រៅប្រទេស ព្រមទាំងលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ ដើម្បីធ្វើការពិភាក្សា និងចែករំលែកបទពិសោធន៍ពីការបង្រៀនភាសាចិន​។

លោកស្រីសាស្ត្រាចារ្យរង Gan Min នាយិកាភាគីចិនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បាន​ធ្វើ​ការចែករំលែកពី “វិធីសាស្ត្រការបង្រៀនភាសាចិនដ៏សម្បូរបែបក្នុងគ្រាលំបាក” សិក្ខាសាលានេះ ផ្តោត​សំខាន់​លើប្រធានបទដូចជា៖ (១)ការ​បង្រៀនតាមប្រព័ន្ធអនឡាញ (២)ការរៀបចំកម្មវិធី តាមប្រព័ន្ធអនឡាញ (៣)កិច្ចពិភាក្សាលើ​ការសិក្សាស្រាវជ្រាវលើការងារបង្រៀនភាសាចិន។ មិនតែប៉ុណ្ណោះ លោកគ្រូ អ្នកគ្រូរបស់វិទ្យាស្ថាន ចំនួន ៤នាក់ ក៏បានចូលរួមចែករំលែកបទពិសោធន៍ការបង្រៀនភាសាចិននៅប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញផងដែរ។

គូសបញ្ជាក់ផងដែរថា លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមសិក្ខាសាលានេះ សុទ្ធតែបានធ្វើការវាយតម្លៃ​ខ្ពស់ ចំពោះការចែករំលែកវិធីសាស្រ្តបង្រៀនល្អៗ ក៏ដូចជាបទពិសោធន៍ល្អៗពីវាគ្មិន និងគ្រូបង្រៀនភាសា​ចិន​មកពីប្រទេសដទៃ​ទៀត ដើម្បី​ផ្តល់ជាធាតុ​ចូល​មួយយ៉ាងសំខាន់សម្រាប់ការបង្រៀនភាសាចិននៅប្រទេសកម្ពុជា៕