កម្មវិធីបោះជំរំរដូវរងា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ

0
726

នារសៀលថ្ងៃអង្គារ ១១ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ សាកលវិទ្យាល័យជីវជាំង និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការរៀបចំកម្មវិធីបោះជំរំរដូវរងាតាមប្រព័ន្ធអនឡាញ ដែលមានការចូលរួមពី លោកសាស្ត្រាចារ្យ YANG YAOFANG សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជីវជាំង,​ ថ្នាក់ដឹកនាំផ្សេងទៀតនៃសាកលវិទ្យាល័យជីវជាំង,  សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោកគ្រូ អ្នកគ្រូ និងនិស្សិត។   

លោកសាស្ត្រាចារ្យ YANG YAOFANG សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជីវជាំង បានសម្តែងនូវការសាទរចំពោះកម្មវិធីបើកនេះ ដែលអាចប្រព្រឹត្តទៅបានយ៉ាងរលូន។ លោកលើកឡើងថា ថ្វីដ្បិតតែបច្ចុប្បន្ន យើងនៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រ ប៉ុន្តែយើងអាចបង្ខិតចម្ងាយឱ្យនៅជិតគ្នាបានតាមរយៈកម្មវិធីបោះជំរំនេះ។ ក្រោយជំងឺកូវីដ-១៩ លោកសង្ឃឹម និងជឿជាក់ថា និស្សិតដែលបានចុះឈ្មោះកម្មវិធីបោះជំរំរដូវរងានេះ នឹងមានឱកាសមកសិក្សា​នៅសាកលវិទ្យាល័យជីវជាំង និងចូលរួមកម្មវិធីផ្សេងៗដោយផ្ទាល់។

នៅក្នុងសុន្ទរកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលអានដោយ នាយកភាគីកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន និងបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានភាសាចិននៅកម្ពុជាឱ្យបានកាន់តែច្រើន។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន មានប្រសាសន៍ថា កម្មវិធីបោះជំរំរដូវរងាតាមប្រព័ន្ធអនឡាញ គឺជាវេទិកាមួយ ដែលផ្តល់ឱកាសដល់និស្សិតកម្ពុជាក្នុងការសិក្សាពីភាសាចិន ជាពិសេស គឺជាឱកាសដ៏ល្អមួយ សម្រាប់ការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក។ ជាចុងក្រោយនៃសុន្ទរកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ​ប្រធាន បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យជីវជាំង ដែលខិតខំខ្នះខ្នែងរៀបចំកម្មវិធីដ៏មានអត្ថប្រយោជន៍​នេះឡើង។

កម្មវិធីបោះជំរំរដូវរងាតាមប្រព័ន្ធអនឡាញនេះ គាំទ្រដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរភាសាចិន-ភាសាបរទេសនៃក្រសួងអប់រំចិន ដែលមាននិស្សិតចុះឈ្មោះចូលរួមជាង ២០០នាក់។ ខ្លឹមសារមេរៀននៃកម្មវិធីនេះ ផ្តោតលើការសិក្សាភាសាចិន ការស្វែងយល់ពីវប្បធម៌តែ សិល្បៈនៃការសរសេរជក់ សិល្បៈក្បាច់គុន ប្រវត្តិនិងវប្បធម៌ប៉សឺឡែន។ល។ ដែលប្រព្រឹត្តទៅរយៈពេល៩ថ្ងៃ។ កម្មវិធីនេះ នឹងផ្តល់ជាពុទ្ធិដល់និស្សិតកម្ពុជា ក៏ដូចជាអាចពង្រឹងសមត្ថភាពភាសាចិនរបស់ពួកគាត់បានថែមមួយកម្រិតទៀត៕