កម្មវិធី “ការចែករំលែកវប្បធម៌កម្ពុជា និងការទប់ស្កាត់ជំងឺកូវីដ-១៩” តាមប្រព័ន្ធអនឡាញ

0
7119

នាថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមគ្រូពេទ្យនៃកងរំដោះប្រជាជនចិនប្រចាំមន្ទីរពេទ្យព្រះកេតុមាលា បានសហការរៀបចំកម្មវិធី “ការចែករំលែកវប្បធម៌កម្ពុជា និងការទប់ស្កាត់ជំងឺកូវីដ-១៩” តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីស្ថាប័នផ្សេងៗមួយចំនួនទៀតដូចជា៖ មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសចិនប្រចាំកម្ពុជា ស្ថាប័នអាកាសចរណ៍ស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយចិននៅកម្ពុជា លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិចិនដែលកំពុងបម្រើការងារនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកស្រីសាស្ត្រាចារ្យរង Gan Min នាយិកាភាគីចិនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះមិត្តភក្តិទាំងអស់ ដែលបានចំណាយពេលចូលរួមក្នុងកម្មវិធីនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យនៃកងរំដោះប្រជាជនចិនប្រចាំមន្ទីរពេទ្យព្រះកេតុមាលា ដែលបានផ្តល់ជាកិត្តិយសចូលរួមចែករំលែកចំណេះដឹងស្តីពីការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

លោក តាំង ម៉េងឆុង នាយកភាគីកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការចែករំលែកវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរជូនដល់អ្នកចូលរួមកម្មវិធី ដោយបានណែនាំពីស្ថានភាពទូទៅនៅប្រទេសកម្ពុជា ក៏ដូចជាបញ្ហាសីលធម៌ក្នុងការរស់នៅ ដូចជាការសម្តែងគារវកិច្ចដោយការសំពះ ការស្លៀកពាក់ ការប្រាស្រ័យទាក់ទងជាមួយជនជាតិខ្មែរ។ល។ លោកសង្ឃឹមថា យើងទាំងអស់គ្នា នឹងបើកចិត្តឱ្យទូលាយ ចេះគោរពគ្នា ស្វែងយល់ពីគ្នា និងយោគយល់អធ្យាស្រ័យគ្នា។

ជាចុងបញ្ចប់នៃកម្មវិធី លោក Xin Lei ប្រធានក្រុមគ្រូពេទ្យនៃកងរំដោះប្រជាជនចិនប្រចាំមន្ទីរពេទ្យព្រះកេតុមាលា បានធ្វើការចែករំលែកនូវបញ្ហាចម្បងៗទាក់ទងនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជា៖ ការជ្រើសរើសម៉ាសយកមកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងដូសជំរុញ ព័ត៌មានចុងក្រោយស្តីពីថ្នាំព្យាបាលជំងឺកូវីដ-១៩ និងស្ថានភាពវីរុសបំឡែងខ្លួនថ្មី។

កម្មវិធីនេះ រៀបចំឡើងដើម្បីចែករំលែកវប្បធម៌កម្ពុជាជូនដល់មិត្តភក្តិចិនដែលបំពេញការងារនៅប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការស្វែងយល់គ្នា ការប្រាស្រ័យទាក់ទងគ្នា ពង្រឹងចំណេះដឹងផ្នែកសុខាភិបាល ជាពិសេសគឺការបង្កើនភាពស្និទ្ធស្នាល និងពង្រឹងមិត្តភាពនៃប្រទសយើងទាំងពីកម្ពុជា-ចិន៕