ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ចូលរួមជាអធិបតីក្នុងវេទិកាវិទ្យាសាស្រ្តទំនាក់ទំនង កម្ពុជា-ចិន លើកទី១ រៀបចំដោយសាកលវិទ្យាល័យជីវជាំង នៅប្រទេសចិន

0
7118

នាព្រឹកថ្ងៃចន្ទ ១០កើត ខែពិសាខ ឆ្នាំកុរ​​​ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០១៩ វេទិកាវិទ្យាសាស្រ្តទំនាក់ទំនង កម្ពុជា-ចិន លើកទី១ រៀបចំដោយសាកលវិទ្យាល័យជីវជាំង ត្រូវបានរៀបចំឡើងនៅប្រទេសចិន ដែលមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, លោកជំទាវ ZHANG JINFENG អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជានៃសាកលវិទ្យាល័យជីវជាំង,​​ លោក ZHANG XINLONG អភិបាលរងក្រុងជីវជាំង, លោក ZHAO WEI លេខាបក្សនៃសាកលវិទ្យាល័យជីវជាំង, លោកបណ្ឌិត LIU XIAODONG សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជីវជាំង និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗមកពីសាកលវិទ្យាល័យនៅប្រទេសចិន និងរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការធ្វើបទបង្ហាញផ្តោតលើប្រធានបទស្តីពី “ទំនាក់ទំនងកម្ពុជា-ចិន”។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណសាកលវិទ្យាល័យជីវជាំងដែលបានរៀបចំកម្មវិធីនេះឡើង និងបានអញ្ជើញលោកចូលរួម​ ​ ក៏សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរហូតមករវាងរាជបណ្ឌិត្យសភាកម្ពុជា​និងសាកលវិទ្យាល័យជីវជាំង ក្នុងការអភិវឌ្ឍវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។​ ប្រធានបទនៃវេទិកានេះគឺ​ ទំនាក់ទំនងកម្ពុជា-ចិន ដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាអ្នកជិតខាងល្អ និងជាដៃគូល្អតាំងពីយូរលង់ណាស់មកហើយ។​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរ មានភាពជិតស្និទ្ធកាន់តែខ្លាំងឡើងៗ ទាំងក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ នយោបាយ និងវិស័យជាច្រើនទៀត រហូតបានប្រែក្លាយទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានបន្តថា វិទ្យាស្ថានខុងជឺ គឺជាស្ពានដ៏សំខាន់សម្រាប់ទំនាក់ទំនងផ្លាស់ប្តូររវាងកម្ពុជា និងចិន ដែលត្រូវបានបង្កើតឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង ហើយបានក្លាយជាគ្រឹះស្ថានអប់រំភាសាចិនដែលមានការទទួលស្គាល់ ជឿជាក់ និងការស្រឡាញ់ពេញចិត្តពីប្រជាជនកម្ពុជា។ ជឿជាក់ថា កម្ពុជា និងចិនប្រាកដជាអាចសម្រេចបាននូវសមិទ្ធផលល្អបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការតាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍​​ទំ​នាក់ទំនងស្មើមុខស្មើមាត់ និងការរៀនសូត្រពីគ្នាទៅវិញទៅមកនៅលើឆាកអន្តជាតិ។

វេទិកាវិទ្យាសាស្រ្តលើកនេះ នឹងបានលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្ត​​ភាព និងកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យ​​​សភាកម្ពុជា សាកលវិទ្យាល័យជីវជាំង និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ពានដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ក្នុងការបន្តខិតខំប្រឹងប្រែងរួមចំណែកលើការពង្រឹងមិត្តភាពនៃប្រទេសយើងទាំងពីរ៕