0
697

នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ស្ថានទូតចិនប្រចាំកម្ពុជា បានសហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំកម្មវិធីស្តីពី “បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា” តាមប្រព័ន្ធអនឡាញ ដែលមានការអញ្ជើញចូលរួមជាអធិបតីពីលោក CHANG JIAN អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីស្ថានទូតចិន ព្រមទាំងមានការចូលរួមពីសារព័ត៌មានចិន សហគ្រាសចិន លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតរបស់វិទ្យាស្ថាន។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក តាំង ម៉េងឆុង នាយកភាគីកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពីរាជបណ្ឌិត្យសភាកម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា សាកលវិទ្យាល័យជីវជាំង ក៏ដូចជាសាកលវិទ្យាល័យ និងស្ថាប័ននានាដែលជាដៃគូសហការ។

លោក CHANG JIAN អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានពាំនាំការសួរសុខទុក្ខរបស់ឯកឧត្តម WANG WENTIAN ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានផ្ញើសារជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិននាពេលខាងមុខ។

ក្រោយពីសុន្ទរកថាបើករបស់អគ្គទីប្រឹក្សាស្ថានទូចិន លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញស្តីពី “បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា” ទៅកាន់លោកគ្រូ អ្នកគ្រូជនជាតិចិន ក៏ដូចជាសិស្ស-និស្សិតកម្ពុជា ឱ្យបានស្វែងយល់ពីការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន និងទំនៀមទម្លាប់ដទៃទៀតរបស់ជនជាតិចិន និងកូនចៅដែលជាប់ខ្សែស្រឡាយចិន ដែលកំពុងរស់នៅក្នុងកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្មវិធីស្តីពី “បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា” តាមប្រព័ន្ធអនឡាញនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការស្វែងយល់គ្នារវាងប្រជាជនកម្ពុជា និងប្រជាជនចិន ក៏ដូចជាជូនពរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ទាំងប្រជាជនកម្ពុជា និងប្រជាជនចិន ជួបប្រទះតែសេចក្តីសុខ មានសុខភាពល្អ គ្រួសារមានសុភមង្គល និងចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕