ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

0
40

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោយជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក Lin Ruihua ទីប្រឹក្សាវប្បធម៌ លោក Zhong Jifa លេខាទី១ និង កញ្ញា Weng Yinshan លេខាឯកអគ្គរដ្ឋទូតចិន បានបន្តអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងសួរសុខទុក្ខគ្រូបង្រៀនជនជាតិចិនរបស់វិទ្យាស្ថាន។

នៅក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្រៀនជនជាតិចិន ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា បើទោះបីជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែលោកគ្រូ អ្នកគ្រូគ្រប់រូប បានធ្វើដំណើរចាកចេញពីមាតុប្រទេស លាក្រុមគ្រួសាររបស់ខ្លួន ដើម្បីមកបំពេញបេសកកម្មបង្រៀនភាសាចិននៅប្រទេសកម្ពុជា នេះគឺជាការបង្ហាញឱ្យឃើញពីការលះបង់ដ៏ធំធេង និងផ្តល់តម្លៃខ្ពស់ដល់ការងារបង្រៀនភាសាចិន។ ស្ថានទូតចិនប្រចាំកម្ពុជា នឹងនៅតែបន្តការយកចិត្តទុកដាក់លើសុខសុវត្ថិភាពរបស់លោកគ្រូ អ្នកគ្រូ គ្រប់ពេលវេលា ក៏ដូចជាវឌ្ឍភាពរបស់វិទ្យាស្ថាន។

លោកបានបន្តទៀតថា មិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសចិន មានរយៈពេលយូរលង់ណាស់មកហើយ ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសយើងទាំងពីរ ក៏មានភាពស្អិតល្មួត យល់ចិត្តគ្នា ជឿទុកចិត្តគ្នា ជាពិសេស គឺតែងតែជួយគ្នាទៅវិញទៅមក។ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរ និងការអប់រំភាសាចិន។ ដូចនេះ សង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងបន្តព្យាយាមបំពេញការងារបង្រៀនភាសាចិន ដើម្បីចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងកម្ពុជា-ចិន ជាពិសេស គឺការចូលរួមចំណែកកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា និងចិន៕