សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចថ្នាក់ភាសាចិនប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

0
38

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក តាំង ម៉េងឆុង និង លោកស្រី Gan Min សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់ភាសាចិនប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម ទាន សំណាង នាយកវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិនៃ​ក្រសួងការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។

ឯកឧត្តម ទាន សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការបំពេញទស្សនកិច្ចរបស់សហនាយក និងបានណែនាំអំពីប្រវត្តិ ការអភិវឌ្ឍរបស់វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ព្រមទាំងបានអញ្ជើញសហនាយកទៅ  ទស្សនាថ្នាក់ភាសាចិនប្រចាំក្រសួង និងបានណែនាំពីដំណើរការ ស្ថានភាពបង្រៀននៃថ្នាក់ភាសាចិននេះ។ លោកមានប្រសាសន៍ថា តាំងពីចាប់ផ្តើមបើកវគ្គសិក្សាភាសាចិននៅខែកញ្ញា ឆ្នាំ២០១៨មកដល់បច្ចុប្បន្ន គឺមានសិក្ខាកាមដែលជា  មន្ត្រីរបស់ក្រសួង ប្រមាណជាង ១០០នាក់ហើយ ដែលបានសិក្សានៅថ្នាក់ភាសាចិននេះ។

សហនាយកទាំងពីរ មានប្រសាសន៍ថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅតែបន្ដចាត់ចែងគ្រូបង្រៀនជនជាតិចិនឱ្យឆ្លើយតបទៅនឹងស្ថានភាព និងពេលវេលារបស់វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិនៃ​ក្រសួងការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។

លោក តាំង ម៉េងឆុង បានថ្លែងអំណរគុណចំពោះឯកឧត្តម ទាន សំណាង ដែលបានគាំទ្រថ្នាក់ភាសាចិនរបស់វិទ្យាស្ថាន និងសូមកោតសរសើរចំពោះទឹកចិត្តក្នុងការសិក្សារបស់សិក្ខាកាមថ្នាក់ភាសាចិន និងជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងនៅតែបន្ដការខិតខំសិក្សាភាសាចិន។

លោកស្រី Gan Min បានមានប្រសាសន៍បន្ថែមទៀតថា វិទ្យាស្ថាន នៅតែបន្តបញ្ជូនគ្រូបង្រៀនឆ្នើមមកបង្រៀននៅក្រសួង ហើយបានជំរុញលើកទឹកចិត្តសិក្ខាកាមឱ្យខិតខំប្រឹងប្រែង និងចូលរួមប្រឡងវាស់ស្ទង់កម្រិតភាសាចិនHSK & HSKK ដើម្បីទទួលបានឱកាសទៅសិក្សានៅប្រទេសចិន។

ជាចុងក្រោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពជា បានប្រគល់សៀវភៅស្តីពីទំនាក់ទំនងកម្ពុជា-ចិន ទស្សនវិជ្ជាចិន ១០ប្រភេទជាខេមរភាសា ចំនួន៣០០ក្បាល  ដល់វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ដើម្បីជួយសម្រួលដល់សិក្ខាកាមថ្នាក់ភាសាចិន ក្នុងការសិក្សាស្វែងយល់បន្ថែមពីប្រទេសចិន។

ក្នុងថ្ងៃដដែលនោះ សហនាយក ក៏បានអញ្ជើញជួបសម្តែងការគួរសមឯកឧត្តម ថូ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានកុងស៊ុល ច្បាប់ និងព្រំដែននៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលលោកក៏ជាសិក្ខាកាមថ្នាក់ភាសាចិនរបស់វិទ្យាស្ថាន១រូបផងដែរ។ លោកស្រី Gan Min តំណាងវិទ្យាស្ថានប្រគល់សៀវភៅស្តីពីទំនាក់ទំនងកម្ពុជា-ចិន ទស្សនវិជ្ជាចិន ១០ប្រភេទជាខេមរភាសា ចំនួន៥០ក្បាលជូនឯកឧត្តម ថូ សំណាង ដើម្បីជាការថ្លែងអំណរគុណចំពោះការជួយសម្របសម្រួលទិដ្ឋាការជូនគ្រូបង្រៀនជនជាតិចិនរបស់វិទ្យាស្ថានកន្លងមក៕