១.សាវតារ
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានដំណើរការឡើងដោយការខិតខំប្រឹងប្រែង និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជបណ្ឌិត្យសភាកម្ពុជានៃទីស្តីការគណៈរដ្ឋមន្ត្រី មជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិន-ភាសាបរទេសនៃក្រសួងអប់រំចិន និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្រោមការគាំទ្រ ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដែលនេះជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ជាថ្ងៃចាប់បដិសន្ធិរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈកិច្ចព្រមព្រៀងរវាង លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោកជំទាវ ស៊ី លីន (XU LIN) អគ្គនាយិកាវិទ្យាស្ថានខុងជឺស្នាក់ការកណ្តាលប្រចាំរដ្ឋធានីប៉េកាំង ក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជីវជាំង (JIUJIANG University) និងរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនភីង (XI JINPING) អនុប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធស្លាកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩។
វិទ្យាស្ថាន គ្រប់គ្រងដោយសហនាយក ដែលមាននាយកភាគីកម្ពុជា៖ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ(២០០៩-២០១៧) កញ្ញា វុធ សុភ័ក្រណា (២០១៧-២០២០), លោក តាំង ម៉េងឆុង (២០២១-បច្ចុប្បន្ន), នាយកភាគីចិន៖ លោកសាស្ត្រាចារ្យរង WANG XIANMIAO (២០០៩-២០១៤), លោក SHUAI SHIYI (២០១៤-២០១៦), លោកសាស្ត្រាចារ្យ XIA XIULONG (២០១៦-២០១៨), លោកសាស្ត្រាចារ្យរង CHAI KEQING (២០១៨-២០២០), លោកស្រី WU TAO ជានាយិកាស្តីទីភាគីចិន(ខែកញ្ញា ២០២០-ខែកញ្ញា ២០២១), លោកស្រីសាស្ត្រាចារ្យរង GAN MIN (ខែតុលា ២០២១-បច្ចុប្បន្ន)។ ក្នុងនាមជាស្ថាប័នអប់រំភាសាចិន ដែលមិនគិតពីប្រាក់ចំណេញ វិទ្យាស្ថាន បានកំណត់ទិសដៅរបស់ខ្លួនយ៉ាងច្បាស់លាស់ ដើម្បីបំពេញតម្រូវការមន្ត្រីរាជការ សិស្ស-និស្សិត និងប្រជាពលរដ្ឋកម្ពុជា ក្នុងការសិក្សាភាសាចិន ព្រមទាំងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមិត្តភាពប្រកបដោយនិរន្តរភាព សុខដុមនីយភាព សន្តិភាព និងវឌ្ឍនភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន។
២. បេសកកម្ម និងចក្ខុវិស័យ
ក.បេសកកម្ម៖ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងជាប្រពៃណីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន រួមមាន៖ ១).ការអប់រំភាសាចិន ២).ការផ្លាស់ប្តូរវប្បធម៌កម្ពុជានិងចិន ៣).ការរៀបចំវេទិកាវិទ្យាសាស្ត្រ និងការបកប្រែ ចងក្រង កែសម្រួល បោះពុម្ពផ្សាយសៀវភៅ ស្តីពីទំនាក់ទំនងកម្ពុជា-ចិន។
(១) ការអប់រំភាសាចិន
វិទ្យាស្ថាន មិនត្រឹមតែជាស្ថាប័នបណ្តុះបណ្តាលសិស្សានុសិស្សក្នុងការសិក្សាភាសាចិនតែមួយប៉ុណ្ណោះទេ វិទ្យាស្ថានក៏បានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានគរុកោសល្យភាសាចិនដល់គ្រូបង្រៀនជនជាតិខ្មែរថែមទៀតផង។ បច្ចុប្បន្ន វិទ្យាស្ថាន បាននិងកំពុងបំពេញបេសកកម្មរបស់ខ្លួនដូចជា៖
-បង្រៀនភាសាចិនពីថ្នាក់មូលដ្ឋានគ្រឹះដល់ថ្នាក់ឧត្តមសិក្សាស្របតាមបទដ្ឋានអន្តរជាតិ។
-ផ្តល់អាហារូបករណ៍សិក្សានៅប្រទេសចិនដល់សិស្ស-និស្សិត និងមន្ត្រីរាជការ។
-ផ្តល់ឱកាសដល់សិស្ស-និស្សិត មន្ត្រីរាជការកម្ពុជាក្នុងការទៅបំពេញទស្សកិច្ចសិក្សានៅប្រទេសចិន។
-បណ្តុះបណ្តាលធនធានគរុកោសល្យភាសាចិនដល់គ្រូបង្រៀនជនជាតិខ្មែរ។
-ផ្តល់ឱកាសដល់សិស្ស-និស្សិត មន្ត្រីរាជការកម្ពុជា តាមរយៈកម្មវិធីបោះជំរំ ក្នុងគោលបំណងបង្កើនការស្វែងយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។
-ជាមជ្ឈមណ្ឌលសម្រាប់ផ្តល់ឱកាសដល់និស្សិតកម្ពុជាមកធ្វើកម្មសិក្សា។
-ជាមជ្ឈមណ្ឌលដែលជួយស្វែងរកការងារជូន សិស្ស-និស្សិតកម្ពុជា។
(២) ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន
វិទ្យាស្ថាន បានរួមចំណែកក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ដោយជារៀងរាល់ឆ្នាំ បានរៀបចំកម្មវិធីវប្បធម៌មួយចំនួន ដូចជា៖
– កម្មវិធីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
– កម្មវិធីរំឭកខួបខុងជឺ
– កម្មវិធីសែនព្រះខែ
– កម្មវិធីបុណ្យភ្ជុំបិណ្ឌ
– កម្មវិធីស្វែងយល់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក
– កម្មវិធីស្វែងយល់ពីសិល្បៈនៃការសរសេរជក់ កាត់ក្រដាស និងសម្លៀកបំពាក់ចិន
– កម្មវិធីប្រកួតប្រជែងសមត្ថភាពភាសាចិន និងផ្នែកសិល្បៈវប្បធម៌ចិន (ដូចជា៖ ការប្រកួត “ស្ពានភាសាចិន” និង “ពានរង្វាន់ជាំងស៊ូ” ជាដើម)។
(៣) វេទិកាវិទ្យាសាស្ត្រ និងការបកប្រែ ចងក្រង កែសម្រួល បោះពុម្ពផ្សាយសៀវភៅ ស្តីពីទំនាក់ទំនងកម្ពុជា-ចិន
ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន បានរៀបចំវេទិកាវិទ្យាសាស្រ្តស្តីពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងគោលបំណងរួមចំណែកបង្កើនការស្វែងយល់គ្នារវាងប្រជាជននៃប្រទេសយើងទាំងពីរ រួមមាន៖
– វេទិកាវិទ្យាសាស្រ្ត ស្តីពីការបង្កើតសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ក្នុងក្របខណ្ឌ “ខ្សែក្រវាត់មួយផ្លូវមួយ” និងអបអរខួប១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៩
– វេទិកាវិទ្យាសាស្រ្តខួបអនុស្សាវរីយ៍ ៦០ឆ្នាំនៃទំនាក់ទំនង កម្ពុជា-ចិន ឆ្នាំ២០១៨
– វេទិកាវិទ្យាសាស្រ្តទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ២០១៧
– សន្និសីទអន្តរជាតិទំនាក់ទំនងកម្ពុជា-ចិន តាមបណ្តោយវិថីសូត្រសតវត្សរ៍ទី២១ ឆ្នាំ២០១៦
– សិក្ខាសាលាស្តីពីទំនាក់ទំនងកម្ពុជា-ចិន តាមរយៈយុទ្ធសាស្រ្តខ្សែក្រវាត់១ផ្លូវ១ ឆ្នាំ២០១៥
– សន្និសីទអន្តរជាតិលើកទី៤ ស្តីពីទំនាក់ទំនងកម្ពុជា-ចិន នាសម័យព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ឆ្នាំ២០១៤
– សន្និសីទអន្តរជាតិ ស្តីពីខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន ឆ្នាំ២០១៣
– សន្និសីទអន្តរជាតិ ស្តីពីខួប៥៤ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន ឆ្នាំ២០១២
ចាប់ពីឆ្នាំ២០០៩ មកដល់បច្ចុប្បន្ន វិទ្យាស្ថាន បានរៀបចំចងក្រងសៀវភៅសមិទ្ធផលវិទ្យាស្ថាន និងបានបកប្រែ កែសម្រួល ចងក្រងសៀវភៅផ្សេងៗទៀត ស្តីពីទំនាក់ទំនងកម្ពុជា-ចិន រួមមាន៖
-សៀវភៅស្តីពីវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា
-សមិទ្ធផលការងារ ២០០៩-២០១០
-ពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីជនជាតិចិន
-សមិទ្ធផលការងារ ២០១១-២០១២
-ខុងជឺ ស្តេចគ្មានបល្លង្ក
-ពាន់ឆ្នាំទំនាក់ទំនងកម្ពុជា-ចិន (បុរេប្រវត្តិ-រាជ្យព្រះស្តេចកន)
-ទឹកដី និងប្រពៃណីអ្នកស្រុកចេនឡា
-គោមចិន
-ទំនាក់ទំនងកម្ពុជា-ចិន នាសម័យសម្តេចព្រះនរោត្តមសីហនុ
-សមិទ្ធផលការងារ ២០០៩-២០១៦
-ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន ភាគ១ ជាខេមរភាសា
-សៀវភៅវេទិកាវិទ្យាសាស្ត្រស្តីពីការបង្កើតសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន ក្នុងក្របខណ្ឌ “ខ្សែក្រវាត់១ផ្លូវ១” និងអបអរខួប១០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា
-របាយការណ៍សមិទ្ធផលការងារ១០ឆ្នាំ។
២. ចក្ខុវិស័យ
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបន្តខិតខំបណ្តុះបណ្តាលធនធានភាសាចិន ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការភាសាចិននៅកម្ពុជា ក្នុងគោលបំណងរួមចំណែកកិច្ចអភិវឌ្ឍសង្គមជាតិ។