0
2774

នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោក LIN RUIHUA ភារធារីស្ថានទូតចិនប្រចាំកម្ពុជា និងលោក ZHONG JIFA លេខាទី ១ ស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញមកធ្វើទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

លោក LIN RUIHUA ភារធារីស្ថានទូតចិនប្រចាំកម្ពុជា និងលោក ZHONG JIFA លេខាទី ១ ស្ថានទូតចិនប្រចាំកម្ពុជា តំណាងឯកឧត្តម WANG WENTIAN ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកសួរសុខទុក្ខ ព្រមទាំងជូនពរលោកគ្រូ អ្នកគ្រូ និងបុគ្គលិករបស់វិទ្យាស្ថានទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខ។

សហនាយកវិទ្យាស្ថាន បានសម្តែងការថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា ចំពោះការគាំទ្រលើការងារបណ្តុះបណ្តាលភាសាចិនរបស់វិទ្យាស្ថាន ក៏ដូចជាការយកចិត្តទុកដាក់ចំពោះការរស់នៅរបស់លោកគ្រូ អ្នកគ្រូជនជាតិចិនដែលកំពុងបំពេញបេសកកម្មការងារបង្រៀននៅប្រទេសកម្ពុជា។

ក្នុងឆ្នាំថ្មីខាងមុខ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តខិតខំបេសកកម្មការងារបង្រៀនភាសាចិនរបស់ខ្លួនទៅមុខទៀត ព្រមទាំងបន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក្នុងការជំរុញការផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន៕