វេទិកាវិទ្យាសាស្រ្តខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃទំនាក់ទំនង កម្ពុជា-ចិន

0
8174

នាព្រឹកថ្ងៃទី ២១ ខែមិថុនា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាវិទ្យាសាស្រ្តខួបអនុស្សាវរីយ៍ ៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលមានការគាំទ្រពីរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល/ហាន់ប៉ាន់ ប្រទេសចិន ដោយមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោក Li Jie ភារធារីស្ថានទូតចិនប្រចាំកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក Ma Jianfei នាយករងវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល  ព្រមទាំងអ្នកជំនាញ និងភ្ញៀវកិត្តិយស អញ្ជើញមកពីសាកលវិទ្យាល័យនៅប្រទេសចិន និងស្ថាប័នស្រាវជ្រាវក្នុងប្រទេសកម្ពុជា ប្រមាណ ២០០នាក់។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ អ្នកជំនាញ បញ្ញវន្តដែលធ្វើដំណើរមកពីប្រទេសចិន និងបានថ្លែងអំណរគុណចំពោះ វិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល/ហាន់ប៉ាន់ ប្រទេសចិន រាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។  ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានលើកឡើងពីសារៈសំខាន់នៃការរៀបចំវេទិកាវិទ្យាសាស្រ្តនេះ ស្របពេលដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងស្ថិតនៅដំណាក់កាលដ៏ល្អ ដែលមិនធ្លាប់មានតាំងពីអតីតកាលមក។ មិនតែប៉ុណ្ណោះ វេទិកានេះ នឹងជំរុញដល់ការស្រាវជ្រាវទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានពាំនាំ បំណងប្រាថ្នារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនង និងការជួយគ្នាទៅវិញទៅមករវាងកម្ពុជា-ចិន។ ជឿជាក់ថា ប្រទេសយើងទាំងពីរ នឹងសម្រេចបាននូវសមិទ្ធផលឈ្នះ-ឈ្នះ ក្រោមគោលការណ៍សមភាព យុត្តិធម៌ ផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។ លោកក៏​បាន​លើកឡើង​ពី​ប្រវត្តិ​នៃ​ការប្រាស្រ័យទាក់ទងគ្នារវាង​កម្ពុជា​និង​ចិន តាមរយៈតថភាពជាក់ស្តែងតាមរយៈប្រាសាទ​អង្គរវត្ត, ជីវ តាក្វាន់, គណសង្ឃជាន់ខ្ពស់របស់​ខ្មែរជាដើម។ ការរៀបចំវេទិកាវិទ្យាសាស្រ្តនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកសិក្សាស្រាវជ្រាវកម្ពុជា-ចិន សម្រាប់ធ្វើការផ្លាស់ប្តូរ និងស្វែងយល់ពីគ្នាទៅវិញទៅមក។ ជាពិសេស សិក្សាលើបញ្ហាជាប្រភេទដែលកើតឡើងចំពោះមុខ និងស្វែងរកដំណោះស្រាយ ដើម្បីធ្វើជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជននៃប្រទេសយើងទាំងពីរ។ លោកសង្ឃឹមថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំឯកសារពាក់ព័ន្ធឱ្យបានល្អ ហើយផ្សព្វផ្សាយឱ្យបានទូលាយ ដើម្បីបង្កើនការស្វែងយល់ពីប្រទេសយើងទាំងពីរទៅវិញទៅមក។

លោក Li Jie ភារធារីស្ថានទូតចិនប្រចាំកម្ពុជា បានលើកពីទិដ្ឋភាពចំនួន៣ ដែលបានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន មានភាពល្អប្រសើរ៖ (១)កត្តាប្រវត្តិសាស្រ្ត (២)គោលការណ៍បញ្ចសីលា (៣)ការរស់នៅក្នុងសម័យកាលជាមួយគ្នា។ លោក បានមានប្រសាសន៍អំពីគំនិតផ្តួចផ្តើមនៃ “ខ្សែក្រវាត់ និងផ្លូវ” គឺមានស៊ីសង្វាក់គ្នាខ្លាំង ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ និងការអប់រំ មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការស្វែងយល់រវាងប្រជាជន និងប្រជាជន សម្រេចបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះ ទំនាក់ទំនងដ៏ល្អរបស់ប្រទេសយើងទាំងពីរ នឹងឆ្ពោះទៅរកការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ លោកជឿជាក់ពីសមិទ្ធផល និងការរួមចំណែករបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ​សភាកម្ពុជា ចំពោះការផ្លាស់ប្តូររវាងកម្ពុជា-ចិន ព្រមទាំងមានប្រសាសន៍ថា ស្ថានទូតចិនប្រចាំកម្ពុជា នឹងបន្តគាំទ្រយ៉ាងពេញទំហឹងលើកិច្ចអភិវឌ្ឍរបស់វិទ្យាស្ថានខុងជឺ។

លោក Ma Jianfei នាយករងវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបានក្នុងការបង្រៀនភាសាចិន និងការផ្លាស់ប្តូរវប្បធម៌ ដែលជាការរួមចំណែកលើទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនផងដែរ។ លោកបានប្រៀបធៀបវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ជា “ស្ពាននៃវប្បធម៌កម្ពុជា-ចិន” និងបានលើកឡើងពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក៏ដូចជា រៀបចំផែនការក្នុងការបង្កើនគុណភាពរបស់វិទ្យាស្ថានខុងជឺ ថែមទាំងពង្រឹងវិស័យអប់រំកម្ពុជា-ចិនឱ្យកាន់តែស៊ីជម្រៅ។ លោក បានសម្តែងនូវឆន្ទៈរបស់វិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល ចំពោះការបន្តកិច្ចសហប្រតិបត្តិការដោយស្មោះជាមួយប្រទេសកម្ពុជា ក្នុងការលើកកម្ពស់គុណភាពរបស់វិទ្យាស្ថានខុងជឺ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការផ្លាស់ប្តូរធនធានមនុស្ស និងវប្បធម៌កម្ពុជា-ចិន។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វេទិកាវិទ្យាសាស្រ្តនេះ រៀបចំឡើង ក្នុងគោលបំណងអបអរសាទរខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ ដើម្បីបង្កើនភាពសិ្នតស្នាលរវាងប្រជាជន និងប្រជាជន ព្រមទាំងជាឱកាសដ៏វិសេសវិសាលមួយសម្រាប់អ្នកស្រាវជ្រាវនៃប្រទេសយើងទាំងពីរ ក្នុងការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន បានគូសបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា មានសេចក្តីរីករាយជាខ្លាំង ដែលបានក្លាយជាស្ពានផ្សារភ្ជាប់នៃការសិក្សាភាសា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា-ចិន។ ស្របពេលជាមួយគ្នានោះ រាជបណ្ឌិត្យសភាកម្ពុជា នឹងខិតខំប្រឹងប្រែងចំពោះកិច្ចការងារនេះបន្តទៅមុខទៀត។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតចិនប្រចាំនៅកម្ពុជា វិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល លោកគ្រូ អ្នកគ្រូ និងក្រុមការងារវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយដល់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន បាន​បញ្ជាក់​ថា រាជបណ្ឌិត្យសភាកម្ពុជា នឹង​បន្ត​គាំទ្រយ៉ាងពេញទំហំ ​ចំពោះកិច្ចអភិវឌ្ឍ​វិទ្យាស្ថាន​ខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា​។

វេទិកាវិទ្យាសាស្រ្តនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ​ ដែលមានការអញ្ជើញចូលរួមពីអ្នកជំនាញ បញ្ញវន្ត និងអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង, សាកលវិទ្យាល័យគរុកោសល្យប៉េកាំង, វិទ្យាស្ថានទំនាក់ទំនងស្រាវជ្រាវចិន, សាកលវិទ្យាល័យជីវជាំង,  សាកលវិទ្យាល័យក្វាងស៊ី, សាកលវិទ្យាល័យ​ចុងសានសាកលវិទ្យាល័យយូណាន, សាកលវិទ្យាល័យគរុកោសល្យយូណាន, សាកលវិទ្យាល័យគរុកោសល្យធានជីន, សាកលវិទ្យាល័យភាសាបរទេសធានជីន, សាកលវិទ្យាល័យគរុកោសល្យចិនខាងកើត និងស្ថាប័នស្រាវជ្រាវល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា ដោយបានធ្វើការពិភាក្សាលើប្រធានបទស្តីពីប្រវត្តិសាស្រ្ត វប្បធម៌ នយោបាយ សេដ្ឋកិច្ច និងថ្នាក់បរិញ្ញាបត្រជាន់ផ្នែកភាសាចិន ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងទទួលបានគំនិតថ្មីៗ៕